អប់រំ
ដើម្បីធានាសង្គតិភាពនៃឋានានុក្រម តួនាទី ខ្លឹមសារ និងលំដាប់លំដោយនៃការអនុវត្តរវាង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ២ ជាមួយនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិបច្ចុប្បន្នកម្មឆ្នាំ២០០៩ -២០១៣ ផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ ត្រូវបានពិនិត្យឡើងវិញ សំដៅកែលម្អសេវាអប់រំឱ្យកាន់តែប្រសើរថែមទៀត។
ការពិនិត្យឡើងវិញផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-២០១៣ នេះ បានបង្ហាញអំពី បម្រែបម្រួល និង បង្ហាញពីដំណាក់កាលការងារដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា ស្របតាមកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល។ ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំកន្លងមកនេះ ក្រសួងនិងដៃគូអភិវឌ្ឍបានធ្វើឱ្យមានការរីកចម្រើនគួរឲ្យកត់ សម្គាល់ ក្នុងការផ្តល់ការអប់រំប្រកបដោយសមធម៌ ការកែលម្អគុណភាពនិងប្រសិទ្ធភាពសេវាអប់រំ និងការគ្រប់គ្រងសេវាអប់រំ ។
ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០០៩-២០១៣ ត្រូវបានរៀបរៀងឡើង ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងរវាងគោលនយោបាយនិងយុទ្ធសាស្ត្រអប់រំជាមួយនឹងកម្មវិធី និងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងការផ្សារភ្ជាប់ផែនការទៅនឹងថវិកា។ នៅក្នុងដំណាក់កាលនេះ ក្រសួងនៅតែបន្តផ្តល់ អាទិភាពខ្ពស់លើការចូលរៀនប្រកបដោយសមធម៌និងមានគុណភាពខ្ពស់ ជាពិសេសការអប់រំកម្រិត មូលដ្ឋាន ដែលនឹងឈានទៅសម្រេចផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០១៥ ។ ផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០០៩-១៣ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ផងដែរលើការពង្រីក ការអប់រំកុមារតូច ការពង្រីកការងារអប់រំក្រៅប្រព័ន្ធ ការអប់រំបច្ចេកទេសវិជ្ជាជីវៈ ការពង្រីកឱកាសទទួលសេវាអប់រំមធ្យមសិក្សា និងក្រោយមធ្យមសិក្សា តាមរយៈបន្តអនុវត្តគោលការណ៍ភាពជាដៃគូ ឱ្យបានកាន់តែប្រសើររវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ មាតាបិតាសិស្ស។ លើសពីនេះទៀតត្រូវធានាថា ការចំណាយលើវិស័យអប់រំពិតជាទទួលបាននូវ ផលប៉ះពាល់ជាអតិបរមា ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការអប់រំសម្រាប់កុមារនិង យុវជន បាត់បង់ឱកាស តាមរយៈការរៀបចំឲ្យមានវិធានការច្បាស់លាស់ ដែលធានាដល់ប្រសិទ្ធភាពនៃការ ចំណាយថវិកាអប់រំ ។ ការពង្រឹងការអនុវត្តច្បាប់ស្តីពីការអប់រំ ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន និង អភិបាលកិច្ចល្អ ក៏ជាកិច្ចការមួយដែលត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា។ ស្របពេលជាមួយគ្នានេះ ការលើកទឹកចិត្ត និងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំនៅគ្រប់កម្រិតសម្រាប់អនុវត្ត វិមជ្ឈការអប់រំ ក៏ជាសមាសភាគដ៏សំខាន់ផងដែរ។
ផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០០៩-២០១៣បានរៀបចំឡើងដោយមានយន្តការការងារ ច្បាស់លាស់ ការសិក្សា ការពិគ្រោះយោបល់ និងការចូលរួមបានទូលំទូលាយពីសំណាក់ អ្នកពាក់ព័ន្ធនានា ពិសេសក្រុមការងារវិស័យអប់រំ ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា ផែនការយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ ២០០៩-២០១៣ នឹងកំណត់ផែនទីចង្អុលសម្រាប់ការអនុវត្ដប្រកបដោយប្រសិទ្ធិភាពសំដៅ ជម្រុញវិស័យអប់រំឱ្យលឿនទៅមុខ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ។